Khmer Studies



                      វិទ្យាស្ថាន អ៊ីនធឺរេដ
​International Education Institute

អារម្ភកថា
ចំពោះការផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្តដែលទាក់ទងនឹង
របៀបគ្រប់គ្រងរដ្ឋនៅកម្ពុជា នាសម័យអាណាព្យាបាលបារាំង
        ប្រទេសកម្ពុជាបានស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំង អស់រយៈពេល៩០ឆ្នាំ (១៨៦៣-១៩៥៣)។ បារាំងបានរក្សាទុកនូវឯកសារដើម (Archives) ជាច្រើន ដែលមាន ចំណាស់តាំងពីចុងសតវត្សទី១៩​ នៅក្នុង​​បណ្ណសារដ្ឋានជាតិ​ក្រុងភ្នំពេញ។ ប៉ុន្តែឯកសារ​ភាគច្រើនជាភាសាបារាំង ចំណែក​ឯឯកសារជាភាសាខ្មែរក៏នៅមិន​ទាន់មានការ​ផ្សព្វផ្សាយ​ទូលំ​ទូ​លាយ​​នៅឡើយ។ ដូច្នេះហើយបានជាការយល់ដឹងអំពីប្រទេសកម្ពុជា នា​សម័យ​បារាំង នៅជា​អាថ៌កំបាំង​ជាច្រើនអន្លើ​នៅឡើយ​ រហូតមកដល់សព្វថ្ងៃនេះ។
លោក Woodrow Wilson បានថ្លែងថា “ប្រជាជាតិមួយដែលមិនស្គាល់​អតីតកាល​នោះ គឺមិនស្គាល់បច្ចុប្បន្នកាល និងមិនដឹងថាខ្លួនគេកំពុងធ្វើអ្វី” (A nation which does not know what it was yesterday, does not know what  it is today, nor what it is trying to do)។
ដូច្នេះ ការផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្ត នៅក្នុងសម័យអាណា​ព្យាបាលបារាំង (ឯកសារខ្លះមានចំណាស់ជាង១០០ឆ្នាំមកហើយនោះ) មាន​បំណងចង់ឲ្យកូនខ្មែរ​សម័យ​បច្ចុប្បន្ន​ មានការយល់ដឹងអំពីអតីតកាល ​​នៃប្រជាជាតិរបស់ខ្លួន ឲ្យបានប្រសើរឡើង។
ដោយឡែក ចំពោះអត្ថបទដើមជាភាសាខ្មែរ យើងរក្សាទុកអក្ខរាវិរុទ្ធ​ដែលប្រើ​នៅ​សម័យនោះ ដើម្បីឲ្យកូនខ្មែរបច្ចុប្បន្នបានយល់ដឹងអំពីការវិវត្តនៃអក្សរសាស្រ្តជាតិ។ បន្ទាប់​មក​ យើងកែសម្រួលអត្ថបទនោះ ទៅតាមអក្ខរាវិរុទ្ធបច្ចុប្បន្ន ឬកែសម្រួលប្រយោគខ្លះៗ។
តាមរយៈឯកសារទាំងនោះ យើងអាច​ទាញ​យកបាននូវមេរៀនជាប្រវត្តិសាស្រ្ត មួយ​ចំនួន ជាមិនខានឡើយ ដើម្បីរួមចំណែក​កសាង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន។

​​ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២
                                               អ្នកស្រាវជ្រាវ និងផ្សព្វផ្សាយ
                                                       សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង​


របៀបគ្រប់គ្រងរដ្ឋនៅកម្ពុជា នាសម័យអាណាព្យាបាលបារាំង
អត្ថបទទី​ ១
 ព្រះរាជប្រកាសស្តីអំពីសត្វស្លាប់នឹងជំងឺឆ្លង

អត្ថបទស្រាវជ្រាវដោយសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង
រាជកិច្ចរាជការ ឆ្នាំ១៩១១ (ទំព័រ ១៣០-១៣២ )
វាយអត្ថបទដោយ ក.យិត​ ដាវី
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឆ្នាំទី៣ អក្សរសាស្រ្តអង់គ្លេស នៃវិទ្យាស្ថានអ៊ីនធឺរេដ
អត្ថបទតាមខ្លឹមសារ និងអក្ខរាវិរុទ្ធដើម
ព្រះរាជប្រកាសលេខ៦៤ ចុះថ្ងៃ៩កើត ខែមិគ្គសេរ ឆ្នាំកូរ​ត្រីស័ក្ស​ (៣០ណោវម ឆ្នាំ​១៩១១) ដែរមាន​ប្រកាស​អារេតេ លោកឡឺរេស៊ីដង្ត​សុបេរីយ៉ើរ លេខ១០៥៩ ចុះថ្ងៃ៨ ដេសម ឆ្នាំ១៩១១ ប័ញ្ញត្តិ៍ឲ្យ​សំរេច់​តាម។
ប្រការ១- ម្ចាស់ស័ត្វ ដែរមានស័ត្វស្លាប់និងជុំម្ងឺរឆ្លង ត្រូវប្ឌិង​មេឃុំម​មួយរំពេជ់ មាន​​កសិណ​​២នាក់​ផង មេ​ឃុំម​ត្រូវចុះសេចក្ឌីប្ឌិង នោះក្នុង​សៀវភៅ ហើ្យ​ស៊ីញេ​ឈ្មោះ​ខ្លួន​ជាមួយ​និងនាក់ប្ឌិង និងកសិណ ។
ប្រការ២-​ ស័ត្វដែរស្លាប់ ត្រូវម្ចាស់យកទៅកប់​ក្នុងរ៏វាង​២៤ម៉ោង​ក្នុង​រន្ឌៅ១ ជុំរៅ​៣មេត្រ ហើ្យមុន​និង​លប់ដី្យត្រូវចាក់កុំបោរ បើគ្មានកុំបោរទេ​ត្រូវ​យកអុស​ ចំបើង ឬ​ស្មៅ​​ស្ងួត ដុតក្នុងរន្ឌៅនោះសិន មេឃុំម​ឬក្រុំម​ជុំនុំម​២នាក់​ដែរមេឃុំមចាត់ ត្រូវទ្រួតត្រា​មើល​​ខុស​ត្រូវលើខ្លួនឲ្យសំរេច់ពីកប់ ដូច​មាន​ប័ញ្ញត្តិ៍ខាង​លើនេះ ។
ប្រការ៣- ម្ចាស់ស័ត្វត្រូវយកទិកលា្យ​កុំបោរសាច​ជន្ជាំង​ស៏សរ​និង​ក្រោល ហើ្យ​និង​​រ៏បស់​​អ្វ្យី​ទាំង​អស់​​ដែរជល់ ដែរទង្គុកនិងស័ត្វឈឺនោះ ១ទៀត​ម្ចាស់​ស័ត្វ​ត្រូវសង់​ក្រោល​​នៅ​ទីកន្ល៉ែង​១ឯទៀត ហើ្យ​មុន​និង​​ចោលន្ល៉ែង​ចាស់ ត្រូវចាក់កុំបោរ​រាជ្យ​លើ​ដី្យ​នោះ បើគ្មាន​កុំបោរ​ទេត្រូវយកអុស ចំបើង​ឬស្មៅ​ស្ងួត ដុត​ឲ្យ​ពេញលើនាទីដី្យនោះ ។
ប្រការ៤​​- វេលាមានជុំម្ងឺរស័ត្វជាដំបូង ហើ្យ១៥ថ្ងៃក្រោយដែរ​ជុំម្ងឺរ​នោះ​​ស្ងាត់​បាត់​ទៅនោះ ហាម​ផ្ឌាច់​​មិនឲ្យនាំម​ស័ត្វ​ដែរ​ឈឺ​នោះចេញពីឃុំម​ឡើយ ។
ប្រការ៥- ម្ចាស់ស័ត្វដែរធ្វើល្មើសខុសជាដំបូង និងសេចក្ឌីប័ញ្ញត្តិ៍​ខាង​លើ​នេះ​ ត្រូវ​ពីនៃ្យ​ជាប្រាក់​ប្រាំម​រៀល ។
ប្រការ៦- បើធ្វើខុសក្រោយទៀត នាក់ដែរធ្វើខុសនោះត្រូវ​មានទោស​ដាក់គុកពី១​ថ្ងៃ​ទៅ៣ថ្ងៃ ក្រៅ​​ពី​ក្រយ៉ាពីនៃ្យ ដូចមាននីយាយ ខាងលើផង ។
ប្រការ៧- ទោះមេឃុំមណា មិនទ៏ទួលសេចក្ឌីប្ឌិងដូចមាន​នីយាយ​ ក្នុង​ប្រការ​១ក្តី មិន​​ទៅ​មើល​ឬ​មិន​​ចាត់បំរើខ្លួនទៅមើលគេ្យកប់ស័ត្វ ដូចមាន​ប័ញ្ញត្តិ៍​ត្រង់​ប្រការ២​ក្នុង​ព្រះ រាជប្រកាសនេះក្ឌី និងត្រូវទោស​ពីនៃ្យ ជាប្រាក់​ដប់​រៀល មេឃុំមឬបំរើមេឃុំម ដែរ​មិន​ទ្រួតត្រាមើលឲ្យកប់តាម​សេចក្តី​ប័ញ្ញត្តិ៍​ខាងលើនេះ​ទេ ក៏​ត្រូវ​ទោសពីនៃ្យ​ជាប្រាក់​ដប់​រៀល​ដែរ។

ព្រះរាជប្រកាសស្តីអំពីសត្វស្លាប់នឹងជំងឺឆ្លង
វាយអត្ថបទដោយ ក.យិត​ ដាវី
អត្ថបទតាមអក្ខរាវិរុទ្ធបច្ចុប្បន្ន

ព្រះរាជប្រកាស(Ordonnance royale) លេខ៦៤ ចុះថ្ងៃ៩កើត ខែមិគសិរ ឆ្នាំកុរត្រី​ស័ក (៣០​ខែវិច្ឆិកា ​ឆ្នាំ​១៩១១) ដែលមាន​ប្រកាស​អារេតេលោកឡឺរេស៊ីដង្តស៊ុប៉េរីយ៉ើរ (Arrêté du Résident supérieur)(1) លេខ​១០៥៩ ចុះថ្ងៃ៨ ខែធ្នូ ឆ្នាំ១៩១១ បញ្ញត្តឲ្យ​សម្រេចតាម។
ប្រការ១- ម្ចាស់សត្វ ដែលមានសត្វស្លាប់នឹងជម្ងឺឆ្លង ត្រូវប្ដឹង​មេឃុំ​មួយ​រំពេច មាន​កសិណ​​២នាក់​ផង មេ​ឃុំ​ត្រូវចុះសេចក្ដីប្ដឹងនោះ​ ក្នុងសៀវភៅ ហើយ​ស៊ីញេ(2) ឈ្មោះ​ខ្លួន​ជាមួយ​នឹងអ្នកប្ដឹង និងកសិណ។
ប្រការ២- សត្វដែលស្លាប់ ត្រូវម្ចាស់យកទៅកប់​ ក្នុងរវាង២៤ម៉ោង ក្នុងរណ្ដៅ១ ជម្រៅ​៣ម៉ែត្រ ហើយមុន​នឹង​លប់ដីត្រូវចាក់កំបោរ បើគ្មានកំបោរ​ទេ​ត្រូវយកអុស​ ចំបើង ឬស្មៅ​ស្ងួត ដុតក្នុងរណ្ដៅនោះសិន មេឃុំ ​ឬក្រុម​ជំនុំ(3) ២នាក់​ដែលមេឃុំចាត់ ត្រូវត្រួតត្រា​មើល​ខុស​ត្រូវលើការកប់នេះឲ្យបាន​សម្រេច​ ដូចមានបញ្ញត្តិខាង​លើនេះ។
ប្រការ៣- ម្ចាស់សត្វត្រូវយកទឹកលាយកំបោរសាចលើជញ្ជាំង សសរ និងក្រោល ហើយនិង​របស់​​អ្វីទាំង​អស់​​ដែលជល់ ដែលទង្គុកនឹងសត្វ​ឈឺ​នោះ ម្យ៉ាង​ទៀតម្ចាស់សត្វ​ត្រូវ​សង់​ក្រោល ​នៅ​ទីកន្លែង​មួយផ្សេងទៀត ហើយ​មុន​​​នឹង​​​​ចោលកន្លែងចាស់ ត្រូវ​ចាក់​កំបោរ រាយលើដីនោះ បើគ្មាន​កំបោរ​ទេ​ ត្រូវ​យក​​អុស ចំបើង ឬស្មៅស្ងួត ដុត​ឲ្យ​ពេញ​លើផ្ទៃដី នោះ។
ប្រការ៤- នៅវេលាដែលមានជម្ងឺសត្វជាលើកដំបូង ហើយ​១៥​ថ្ងៃក្រោយ​​ដែល​​ជម្ងឺ​​នោះ​​ស្ងាត់​បាត់​ទៅនោះ ហាម​ផ្តាច់​​មិនឲ្យនាំសត្វដែលឈឺ​នោះចេញ​ពីឃុំ​ឡើយ។
ប្រការ៥-ម្ចាស់សត្វដែលធ្វើល្មើសខុសជាដំបូងនឹងសេចក្តី​បញ្ញត្តិ​ខាង​លើនេះ ត្រូវ​ពិន័យ​ជាប្រាក់​ប្រាំរៀល។
ប្រការ៦- បើធ្វើខុសក្រោយទៀត អ្នកដែលធ្វើខុសនោះ​ត្រូវមាន​ទោស​ដាក់គុក ពី១​ថ្ងៃ​ទៅ៣ថ្ងៃ ក្រៅ​​ពី​ការពិន័យ ដូចមាននិយាយខាងលើផង។
ប្រការ៧- ទោះមេឃុំណា មិនទទួលសេចក្តីប្ដឹង​ដូច​មាននិយាយ​ក្នុង​ប្រការ​​១ក្តី មិន​​ទៅ​មើល​ ឬ​មិន​​ចាត់បម្រើខ្លួនទៅមើលគេកប់សត្វ ដូចមាន​បញ្ញត្តិ​ត្រង់​​ប្រការ២​​ក្នុងព្រះរាជ​ប្រកាស​​នេះក្តី នឹងត្រូវទទួលទោស​ពិន័យជា​ប្រាក់​​ដប់​រៀល។ មេឃុំ ឬបម្រើមេឃុំ ដែល​មិន​ត្រួត​ត្រា​​មើលឲ្យកប់តាមសេចក្តី​បញ្ញត្តិ​ខាង​លើ​នេះ​ទេ ក៏​ត្រូវ​ទទួលទោសពិន័យ​ជា​ប្រាក់​ដប់ រៀល​ដែរ។
(1)-Arrêté du Résident supérieur: ប្រកាសរបស់លោករេស៊ីដង់ជាន់ខ្ពស់
គឺជាមន្រ្តីបារាំងធំជាងគេបំផុត ដែលគ្រប់គ្រងប្រទេសកម្ពុជា នៅសម័យនោះ។
(2)-Signer: គឺចុះហត្ថលេខា។
(3)-សមាជិកគណៈកម្មការឃុំ។

(ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២)


អត្ថបទទី​ ២
ព្រះរាជប្រកាសស្តីអំពី
ការហាមមិនឲ្យលក់គោ-ក្របីញី អាយុតិចជាង៩ឆ្នាំ
រាជកិច្ចរាជការ ឆ្នាំ១៩១១ (ទំព័រ ១២៧-១២៩ )
អត្ថបទស្រាវជ្រាវដោយសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង
វាយអត្ថបទដោយ ក.ឱ ច័ន្ទស្រីពេជ្រ
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឆ្នាំទី១ អក្សរសាស្រ្តអង់គ្លេស នៃវិទ្យាស្ថានអ៊ីនធឺរេដ
អត្ថបទតាមខ្លឹមសារ និងអក្ខរាវិរុទ្ធដើម
ព្រះរាជប្រកាសលេខ ៦៣ ចុះថ្ងៃ១៣​ កើត ខែមិគ្គសេរ ឆ្នាំកូរត្រីស័ក្ស ៤ដេសម ឆ្នាំ១៩១១ ដែរមាន​ប្រកាស​អារេតេ លោកឡឺរេស៊ីដង្ត​សុបេ រីយ៉ើរ លេខ ១០៤៨ ចុះថ្ងៃ៤ ដេសម ឆ្នាំ ១៩១១ ប័ញត្តិ៍​ឲ្យ​សំរេច់​តាម ។
        ប្រការ១- ត្រូវហាមផ្ឌាច់មិនឲ្យលក់ស័ត្វគោណ៍ញី ក្របីហ៍ញី អាយុះតិចពី ៩ឆ្នាំ ដើម្បីនិងនាំមទៅក្រៅដែន ក្រុងក័ម្ពូជា ហើ្យនិង​សំម្ល៉ាប់​ស័ត្វ​នោះ។
        ប្រការ២- ទោះខ្មែរណា ១ ដែរបានលក់ ឬបំរុងនិងលក់គោណ៍ញី ក្របីហ៍ញី       អាយុះតិចពី៩ឆ្នាំ ក្នុងស្រុកខ្មែរ ដើម្បីនិងឲ្យឈ្មួញ​នាំមចេញ​ទៅ ឬនិងយកទៅសំម្ល៉ាប់ ឬបានសំម្ល៉ាប់ហើ្យក្ឌី គិតប៉ងនិងសំម្ល៉ាប់ក្ឌី ឬបាន​ជួយ ឬបន្ឌោ្យឲ្យឈ្មួញនាំមចេញ​ពីព្រះនគរ ឬឲ្យសំម្ល៉ាប់ស័ត្វ នោះត្រូវ​ប្រគល់​ខ្លួន​ឲ្យសាលាជុំនុំម ជុំនុំមជុំរះ ធ្វើទោស​ពីនៃ្យស្មើនិងថ្លៃស័ត្វដែរលក់ ឬដែរ សំម្ល៉ាប់នីមួយៗនោះ ។
        ប្រការ៣- មន្រ្តីខ្មែរណា ១ ដែរដំរូវ៉ឲ្យចេញសំបុត្រលក់តាមសេចក្ឌី​ប័ញាត្តិ៍​​ក្នុង​ព្រះរាជប្រកាសលេខ ៣ ចុះថ្ងៃ១៣ កើតខែបុស្សឆ្នាំចទោស័ក្ស ត្រូវគ្នានិងថ្ងៃ ១២ ខែយុំាងវីយេរ ឆ្នាំ១៩១១ អាជហានចេញសំបុត្រ​បដិញាណ​លក់ គោណ៍ញី ក្របីហ៍ញី អាយុះតិចពី ៩ឆ្នាំ ឲ្យឈ្មួញនាំមចេញ​ពីក្នុងព្រះនគរ ឬយកទៅសំម្ល៉ាប់ មិនប្រគល់ខ្លួន​មនុស្សដែរធ្វើខុសឲ្យសាលា តាមមុកក្រសួងជុំនុំមជុំរះ ធ្វើទោសដូចមានប័ញាត្តិ៍ក្នុង​ប្រការខាងលើនេះទេ ត្រូវទុកជាសំគំនិត ត្រូវមានទោសដូចគ្នា ។
        ប្រការ៤- តាំងពីថ្ងៃច័ន្ទ ១២ កើតខែបុស្ស ឆ្នាំកូរត្រីស័ក្ស ត្រូវនិងថ្ងៃ ១ ខែ​យុំាងវីយេរឆ្នាំ ១៩១២ ទោះខ្មែរណា ១ បានលក់គោណ៍ញី ក្របីហ៍ញី អាយុះតិចពី ៩ឆ្នាំ ក្នុងដែនក្រុងក័ម្ពូជា ដើម្បីនិងឲ្យឈ្មួញនាំមចេញទៅក្ឌី យកទៅសំម្ល៉ាប់ក្ឌី ឬប៉ងនិងលក់ក្ឌី ជាលើ្មសសេចក្ឌីប័ញាត្តិ៍ក្នុង​ព្រះរាជ​ប្រកាស​​នេះ ត្រូវអូសយកស័ត្វនោះដាក់ឃ្លាំងរ័ក្សាទុក ឯម្ចាស់ស័ត្វត្រូវ​ឲ្យរក​យកខ្លួនមកបង្គាប់ឲ្យសងប្រាក់ថ្លៃស័ត្វ​ ដែរខ្លួនលក់នោះ​ទៅឲ្យ​នាក់​ដែរទីញវិញ ឯស័ត្វនិងប្រគល់ឲ្យម្ចាស់ស័ត្វវិញ លុះតែម្ចាស់បានសងថ្លៃ​ទៅនាក់ទីញ​និង​បង់​ថ្លៃរ័ក្សាស័ត្វនោះរួចហើ្យ ត្រូវមានទោសតាមប័ញាត្តិ៍ត្រង់ប្រការ២ ក្នុង​ព្រះរាជប្រកាស​នេះផង ។


ព្រះរាជប្រកាសស្តីអំពី
ការហាមមិនឲ្យលក់គោ-ក្របីញី អាយុតិចជាង៩ឆ្នាំ
វាយអត្ថបទដោយ ក.ឱ ច័ន្ទស្រីពេជ្រ
អត្ថបទតាមអក្ខរាវិរុទ្ធបច្ចុប្បន្ន
        ព្រះរាជប្រកាស លេខ៦៣ ចុះថ្ងៃ១៣កើតខែមិគសិរ ឆ្នាំកុរត្រីស័ក ៤ធ្នូ ឆ្នាំ​១៩១១ ដែលមានប្រកាសអារេតេលោកឡឺរេស៊ីដង្តស៊ុប៉េរីយ៉ើរ (Arrêté du Résident supérieur)(1) លេខ​១០៤៨​ ចុះថ្ងៃ៤ ធ្នូ ឆ្នាំ១៩១១ បញ្ញត្ត​ (2) ឲ្យសម្រេចតាម។
        ប្រការ១- ត្រូវហាមផ្តាច់មិនឲ្យលក់សត្វគោញី ក្របីញី អាយុតិចជាង ៩ឆ្នាំ ដើម្បី​នឹងនាំទៅក្រៅដែនក្រុងកម្ពុជា ហើយនិងសម្លាប់សត្វនោះ។
        ប្រការ២- ទោះខ្មែរណាមួយ ដែលបានលក់ ឬបម្រុងនឹងលក់គោញី ក្របីញី អាយុតិចជាង ៩ឆ្នាំ ក្នុងស្រុកខ្មែរដើម្បីនឹងឲ្យឈ្មួញនាំចេញទៅ ឬនឹង​យកទៅសម្លាប់ ឬបានសម្លាប់ហើយក្តី គិតប៉ងនឹងសម្លាប់ក្តី  ឬបានជួយ ឬបណោ្តយឲ្យឈ្មួញនាំចេញ​ពីព្រះនគរ ឬឲ្យសម្លាប់សត្វ នោះត្រូវប្រគល់​ខ្លួន​ឲ្យសាលាជំនុំ ជំនុំជម្រះ ធ្វើទោសពិន័យ​ស្មើនឹងថ្លៃ​សត្វ​ដែល​លក់ ឬដែល​សម្លាប់​នីមួយៗនោះ។
        ប្រការ៣- មន្រ្តីខ្មែរណាមួយ ដែលតម្រូវឲ្យចេញសំបុត្រលក់តាម  សេចក្តី​បញ្ញត្តិ​(3) ក្នុងព្រះរាជប្រកាសលេខ៣ចុះថ្ងៃ១៣កើត ខែបុស្ស ឆ្នាំ​ច​ទោស័ក ត្រូវគ្នានឹងថ្ងៃ ១២ ខែមករា ឆ្នាំ១៩១១ អាចហ៊ានចេញសំបុត្របដិញាណ(4) លក់គោញី ក្របីញី អាយុ​តិច​ជាង៩ឆ្នាំ
ឲ្យឈ្មួញ​នាំចេញ​ពីក្នុង​ព្រះនគរ ឬយកទៅសម្លាប់មិនប្រគល់ខ្លួនមនុស្ស​ដែល​ធ្វើ​ខុសឲ្យ សាលា តាម​មុខ​ក្រសួងជំនុំជម្រះ ធ្វើទោសដូចមានបញ្ញត្តិក្នុងប្រការខាងលើនេះ​ទេ ត្រូវទុក​ជា​សម​គំនិត ត្រូវមានទោសដូចគ្នា ។
        ប្រការ៤- តាំងពីថ្ងៃច័ន្ទ ១២ កើតខែបុស្ស ឆ្នាំកុរត្រីស័ក ត្រូវនិងថ្ងៃ ១ ខែមករា ឆ្នាំ ១៩១២ ទោះខ្មែរណាមួយ បានលក់គោញី ក្របីញី អាយុ​តិច​ជាង ៩ឆ្នាំ ក្នុងដែន​ក្រុងកម្ពុជា ដើម្បីនឹងឲ្យឈ្មួញនាំចេញទៅក្តី យកទៅ​សម្លាប់ក្តី ឬប៉ងនឹងលក់ក្តី ជាលើ្មស​សេចក្តី​បញ្ញត្តិ ក្នុង​ព្រះរាជ​ប្រកាស​នេះ  ត្រូវ​អូស​យកសត្វនោះដាក់ឃ្លាំងរក្សាទុក  ឯម្ចាស់​សត្វត្រូវឲ្យរក​យកខ្លួន​មក​បង្គាប់​ឲ្យសងប្រាក់ថ្លៃសត្វដែលខ្លួនលក់នោះទៅឲ្យអ្នកដែល​ទិញវិញ ឯ​សត្វ​​​នឹង​ប្រគល់ឲ្យម្ចាស់សត្វវិញ លុះតែម្ចាស់បានសង​ថ្លៃទៅអ្នកទិញ​ និង​បង់​​ថ្លែ​រក្សាសត្វនោះ រួចហើយ ត្រូវមានទោសតាមបញ្ញត្តិ​ត្រង់ប្រការ២ ក្នុង​ព្រះរាជ​ប្រកាស​នេះផង។
(1)-Arrêté du Résident supérieur​: ប្រកាសរបស់លោករេស៊ីដង់ជាន់ខ្ពស់
គឺជាមន្រ្តីបារាំងធំជាងគេបំផុត ដែលគ្រប់គ្រងប្រទេសកម្ពុជា នៅសម័យនោះ។
(2)-បញ្ញត្ត​ (កិ.)​​ : ហាមប្រាម
(3)-បញ្ញត្តិ​ (ន.)​​ : សេចក្តី​ហាមប្រាម
(4)-សំបុត្របញ្ជាក់។
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២



Medal at the occasion of the coronation of King Sisowath, 1904

timesofindia.indiatimes.comមានច្បាប់ចម្លង

គំរូព្រះរាជប្រកាស នៅក្នុងសម័យអាណាព្យាបាលបារំាង

គំរូប្រកាសរបស់​លោករេស៊ីដង់ជាន់ខ្ពស់
នៅក្នុងសម័យអាណាព្យាបាលបារំាង


គំរូព្រះរាជប្រកាស នៅក្នុងសម័យអាណាព្យាបាលបារំាង
ព្រះរាជប្រកាសត្រូវមានហត្ថលេខាអម​ ពីលោករេស៊ីដង់ជាន់ខ្ពស់
ទើបអាចយកទៅអនុវត្តបាន