International Studies




អារម្ភកថា

ចំពោះការផ្សព្វផ្សាយឯកសារបកប្រែ 

គោលបំណងចំបងនៃវិទ្យាស្ថានអ៊ីនធឺរេដនោះគឺ ការរួមចំណែកក្នុងការអភិវឌ្ឍធន​ធាន​មនុស្ស​នៅកម្ពុជា ឱ្យមាន​សមត្ថភាពប្រកួតប្រជែងខ្ពស់។ ដើម្បីធ្វើឱ្យសម្រេច​គោលបំណងនេះ បេសកកម្ម​របស់យើងផ្តោតលើ :

        ១-ការបណ្តុះបណ្តាលនិស្សិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ឱ្យមានគុណ​ភាព​ខ្ពស់​ តាមមុខជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយរក្សានូវទំនាក់​ទំនងយ៉ាងជិតសិ្នទ្ធ រវាងការបង្រៀន,​ ការស្រាវជ្រាវ និង​ទស្សនកិច្ចសិក្សា។

        ២-ការបង្កើនការស្រាវជ្រាវលើ​បញ្ហា​ដែល​លេចធ្លោ និង​ការផ្សព្វផ្សាយលទ្ធ​ផល​នៃ​ការរក​ឃើញថ្មីៗ។

        ៣-ការបកប្រែ និងផ្សព្វផ្សាយឯកសារសំខាន់ៗ។

        ៤-ការរៀបចំសិក្ខាសាលា និងសន្និសីទវិទ្យាសាស្រ្ត។

        ៥-​ការស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ 

        ការបកប្រែ និងផ្សព្វផ្សាយឯកសារ​​ខាង​ក្រោមនេះគឺជាការរួមចំណែកបង្កើនការយល់ដឹង​អំពី​អាស៊ាន នៅពេលដែលអាស៊ានកំពុងបោះជំហានពីសមាគម ទៅកាន់សហគមន៍​សេដ្ឋកិច្ច នៅឆ្នាំ២០១៥ខាងមុខ។

                                                     រាជធានីភ្នំពេញ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១២

                                                     អ្នក​ផ្សព្វផ្សាយ

                                                                  សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង​

អត្ថបទទី​ ១

អាស៊ានពី៥ ទៅ១០ប្រទេស

ASEAN from 5 to 10 Member Countries

ប្រមូលនិងប្រែសម្រួលដោយ លោក ស៊ន សុភា

សាស្រ្តាចារ្យភាសាអង់គ្លេស នៃវិទ្យាស្ថានអ៊ីនធឺរេដ

Compiled and translated by Mr. Sorn​ Sophea

Lecturer of English, InterEd Institute

 

            សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ​១៩៦៧ ដែលមានប្រទេសជាសមាជិកស្ថាបនិកចំនួនប្រាំ។ ប្រទេសដទៃទៀតនៅក្នុងតំបន់​នេះបានចូលជាសមាជិកជាបន្តបន្ទាប់ ហើយអាស៊ានមានសមាជិក១០ប្រទេស នៅឆ្នាំ ១៩៩៩។ ខាងក្រោមនេះ គឺជាដំណាក់កាលទាំងប្រាំ នៃដំណើរការបង្កើតអាស៊ាន។​

១-អាស៊ាន ៥​ ប្រទេស

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ មេដឹកនាំប្រាំរូបរួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស
ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី និងថៃ បានអង្គុយជាមួយគ្នាក្នុងបន្ទប់ប្រជុំធំនៃអគារ
ក្រសួងការបរទេស នាទីក្រុងបាងកក ប្រទេសថៃ និងបានចុះហត្ថលេខាលើឯកសារមួយ។
ដោយសារឯកសារនោះ សមាគមប្រជាជាតិអាស៊ីអគ្នេយ៍បានចាប់បដិសន្ឋិឡើង។  
រដ្ឋ​មន្រ្តីការបរទេសទាំងប្រាំរូបដែលបាន​ចុះហត្ថលេខាលើឯកសារនោះ មានលោក Adam
Malik ​នៃប្រទេសឥណ្ឌូនេស៊ី, ​​លោក Narciso R. Ramos នៃប្រទេសហ្វីលីពីន, លោក Tun
Abdul Razak នៃប្រទេសម៉ាឡេស៊ី, លោក S. Rajaratnam នៃប្រទេសសឹង្ហបុរី និងលោក
Thanat Khoman នៃប្រទេសថៃ។
គេបានចាត់ទុករដ្ឋមន្រ្តីទាំងប្រាំរូបនោះថាជាស្ថាបនិក នៃអង្គការអន្តររដ្ឋាភិបាលមួយ
ដែលហាក់ដូចជាបានទទួលនូវជោគជ័យធំ​ជាងគេ​បំផុត ​​នៅក្នុងពិភព​នៃប្រទេសកំពុងអភិវឌ្ឍ
នាពេលបច្ចុប្បន្ននេះ។
ចំណែកឯឯកសារដែលពួកគេបានចុះហត្ថលេខានោះ ត្រូវបានគេស្គាល់ថាជា សេចក្តី​
ថ្លែងការណ៍របស់អាស៊ាន (The ASEAN Declaration) ។


Bangkok, 8 August 1967 (http://www.aseansec.org)

 


២-អាស៊ាន ៦​ ប្រទេស

        ប្រទេសប្រ៊ុយណេ ដារូសាឡាម​ (Brunei Darussalam)  ក្លាយជារដ្ឋសមាជិកទី៦
របស់អាស៊ាន។​ សេចក្តីថ្លែងការណ៍នៃការចូលជាសមាជិករបស់ប្រទេសប្រ៊ុយណេ ដារូសាឡាម ​ទៅក្នុង​អាស៊ាន បានធ្វើឡើងនៅទីក្រុងហ្សាកាតា(Jakarta)  នៃប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤។
 
រូបថត​ ថតក្នុងពេលចូលជាសមាជិករបស់ប្រទេសប្រ៊ុយណេ

៣-អាស៊ាន ៧​ ប្រទេស

សាធារណរដ្ឋសង្គមនិយមវៀតណាម ក្លាយជារដ្ឋសមាជិកទី៧របស់អាស៊ាន។​ 
សេចក្តី​​ថ្លែងការណ៍ស្តីពីការចូលជាសមាជិក (Declaration on the Admission) បានធ្វើ​ឡើងនៅប្រទេស​ប្រ៊ុយណេ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥។
រូបថត​ ថតក្នុងពេលចូលជាសមាជិករបស់ប្រទេសវៀតណាម

៤-អាស៊ាន ៩​ ប្រទេស

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហភាពមីយ៉ាន់ម៉ា ក្លាយជា​រដ្ឋសមាជិកអាស៊ានក្នុងពេលជាមួយគ្នា។ សេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិកនេះ បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។
រូបថត​ ថតក្នុងពេលចូលជាសមាជិករបស់ប្រទេសឡាវ និងមីយ៉ាន់ម៉ា

៥-អាស៊ាន ១០​ ប្រទេស

សេចក្តីសម្រេចស្តីពីការដាក់បញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិក
ពេញ​សិទ្ធិ របស់អាស៊ាន  ត្រូវបានធ្វើឡើងដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន នៅឯកិច្ចប្រជុំកំពូល លើកទី៥  នាទីក្រុងបាងកក នៅខែធ្នូ ឆ្នាំ១៩៩៥។
ដោយគោរពទៅ​តាមសេចក្តីសម្រេច នៃកិច្ចប្រជុំពិសេស របស់រដ្ឋមន្រ្តីការ​បរទេស អាស៊ាន ថ្ងៃទី៣១ ឧសភា ១៩៩៧  នៅទីក្រុងគូឡាឡាំពួរនោះ   ពួកគេបាន​ឯកភាពឱ្យ
ប្រទេសឡាវ និងមីយ៉ាន់ម៉ា  ចូលជាសមាជិករបស់អាស៊ាន  ទៅតាមការគ្រោងទុក។
ចំពោះប្រទេសកម្ពុជាវិញ  បន្ទាប់ពីព្រឹត្តិការណ៍ ថ្ងៃទី៥-៦ កក្កដា ១៩៩៧ នៅទី​ក្រុង​ភ្នំពេញភ្លាម  កិច្ចប្រជុំ​ពិសេសមួយ  របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្រព្រឹត្ត​ទៅនៅ​ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៧។
ខណៈដែល​មានការ​អះអាងជាថ្មី  អំពីការ​ប្តេជ្ញាថាគោរព​តាម​គោលការណ៍មិន
ជ្រៀត​ជ្រែក ​ទៅក្នុងកិច្ចការ​ផ្ទៃក្នុង​ របស់រដ្ឋសមាជិកដទៃនោះ  រដ្ឋមន្រ្តីការ​បរ​ទេស​អាស៊ាន បានសម្រេចពន្យារ​ការចូល​ជាសមាជិករបស់កម្ពុជាទៅក្នុងអាស៊ាន ទៅថ្ងៃក្រោយ។
សេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុង​សមាគម​ប្រជាជាតិអាស៊ីអគ្នេយ៍ បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

រូបថត​ ថតក្នុងពេលចូលជាសមាជិករបស់ប្រទេសកម្ពុជា



ASEAN Member Countries




Brunei Darussalam
Cambodia
Indonesia
Laos
Malaysia
Myanmar
Philippines
Singapore
Thailand
VietNam



ASEAN Map