Research








ប្រទេសកម្ពុជា នៅចន្លោះចិន និងអាស៊ាន (ភាគទី ១)[1]
ដោយ ៖ ស៊ន ពិសិដ្ឋ
នាយកវិទ្យាស្ថានអ៊ីនធឺរេដ និងបេក្ខជនបណ្ឌិតប្រវត្តិវិទ្យា

        អត្ថបទនេះជាជំពូកមួយ នៅក្នុងនិក្ខេបបទ របស់អ្នកនិពន្ធស្តីពី សមាហរណកម្មកម្ពុជា ទៅក្នុង         អាស៊ាន។ គឺជាការរួមចំណែក បង្កើនការយល់ដឹង អំពីទំនាក់ទំនងរវាង កម្ពុជា និងអាស៊ាន នៅពេលដែល អាស៊ាន កំពុងបោះជំហាន ពីសមាគម ទៅកាន់សហគមន៍សេដ្ឋកិច្ច នៅឆ្នាំ២០១៥ ខាងមុខ។


អាស៊ានបូកបី បានឯកភាពយកទីក្រុងសៀមរាប ធ្វើជាទីក្រុងវប្បធម៌ របស់អាស៊ីបូព៌ា

អាស៊ានបូកបី បានឯកភាពយកទីក្រុងសៀមរាប ធ្វើជាទីក្រុងវប្បធម៌ របស់អាស៊ីបូព៌ា
ក្នុងកិច្ចប្រជុំអាស៊ានបូកបីលើកទី១៣ (13th ASEAN Plus Three Foreign Ministers’ Meeting) នារសៀលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្រុងភ្នំពេញ អាស៊ានបូកបី មាន ប្រទេសអាស៊ានទាំង១០ បូកចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)
ប្រទេសកម្ពុជា ជាប្រទេស ចំណាស់មួយ ស្ថិតនៅក្នុង ឧបទ្វីបឥណ្ឌូចិន។ ពាក្យឥណ្ឌូចិន នេះត្រូវបានប្រើជាលើកដំបូង នៅដើមសតវត្សទី១៩ ដោយលោក Konrad Malte-Brun ដែលជាស្ថាបនិក នៃសង្គម ភូមិសាស្រ្ត បារាំងនៅ ក្រុងបារីស ដើម្បីសម្គាល់ តំបន់ដ៏ ធំទូលាយមួយ ដែលស្ថិតនៅ ចន្លោះឥណ្ឌា និងចិន។
ក្នុងអំឡុងពេលជាង ២០សតវត្ស ឥណ្ឌូចិន ជាទីប្រសព្វនៃ អរិយធម៌ ផ្សេងៗ ដែលហូរចូល មកពីបរទេស។អរិយធម៌ ទាំងនោះ បានជះឥទ្ធិពល ជាវិជ្ជមាន មកលើ ឥណ្ឌូចិន។ ចក្រភពខ្មែរ ដែលមាន ចំណុចកំពូល នៅក្នុង សតវត្សទី ១២នោះ បានកសាង អរិយធម៌អង្គរ ដ៏រុងរឿង ក្នុងអំឡុង ៦សតវត្ស (ទី៩-ទី១៥) សព្វថ្ងៃនេះ អរិយធម៌អង្គរបានក្លាយជាមោទនភាពសម្រាប់តំបន់អាស៊ីបូព៌ាទាំងមូល។
ប៉ុន្តែចាប់ពីក្រោយ សង្រ្គាមលោកលើក ទី២ ឥណ្ឌូចិនបានក្លាយជា ទីប្រជុំនៃជម្លោះ ជាពិសេស ចាប់ពី សង្រ្គាម ឥណ្ឌូចិន លើកទី១ (១៩៤៦-១៩៥៤)។ បន្ទាប់មក សង្រ្គាម ឥណ្ឌូចិន លើកទី២ បាន ចាប់ផ្តើមឆេះ សន្ធោសន្ធៅ នៅក្នុងប្រទេស វៀតណាម ចាប់ពីដើម ទសវត្សឆ្នាំ១៩៦០។ នៅកណ្តាល សង្រ្គាមនេះ ក៏ដូចជានៅ កណ្តាល សង្រ្គាមត្រជាក់ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ត្រូវបានបង្កើត ឡើង (១៩៦៧) ដែលមាន សមាជិក ស្ថាបនិក ចំនួន៥ (ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង សិង្ហបុរី)។ ប្រទេសមួយ ចំនួនទៀត នៅឥណ្ឌូចិន រួមទាំងកម្ពុជា មិនបានចូល ជាសមាជិក អាស៊ាន ក្នុងដំណាក់កាល នោះឡើយ (កម្ពុជា វៀតណាម ឡាវ និងភូមា)
សង្រ្គាមឥណ្ឌូចិន លើកទី២ បានបញ្ចប់ទៅ នៅឆ្នាំ១៩៧៥ ប៉ុន្តែ បណ្តាប្រទេស ក្នុងឥណ្ឌូចិន មិន ទាន់រកឃើញ នូវឯកភាព ខាងនយោបាយ នៅឡើយ។ សង្រ្គាម ឥណ្ឌូចិន លើកទី៣ បានផ្ទុះ ឡើងជាបន្ត នៅឆ្នាំ១៩៧៩ ដែលជា ការប្រឈមមុខ គ្នារវាង វៀតណាម និងចិន ដោយម្ខាងៗ មានការគាំទ្រ ពីបណ្តាមហាអំណាច ក្រៅតំបន់ដូចជា សហភាពសូវៀត និងសហរដ្ឋអាមេរិក ជាដើម។
ឆ្នាំ១៩៧៩ ជាឆ្នាំដែល បរាជ័យ យ៉ាងធំបំផុត របស់ចិន នៅអាស៊ីអគ្នេយ៍។ ប្រទេស វៀតណាម បានជ្រើសរើស យកសូវៀត ជាអាណាព្យាបាល។ ទីក្រុងម៉ូស្គូ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៩ នូវសេចក្តីថ្លែងការណ៍ មួយដោយមាន ចេតនាចង់ឱ្យចិន បានដឹងអំពី សន្ធិសញ្ញា មិត្តភាព និង សហប្រតិបត្តិការ ដែលសូវៀត បានចុះហត្ថលេខា ជាមួយ វៀតណាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៧៨[2]
ដូច្នេះ វៀតណាមបាន ក្លាយជា គូប្រជែង យ៉ាងធំជាមួយចិន។ នៅដំណាក់កាល ដំបូងសាធារណ រដ្ឋប្រជាមានិតចិន ជាឧបសគ្គដ៏ធំ នៅលើផ្លូវទៅរកសន្តិភាព នៃប្រទេសកម្ពុជា។ អ្នកវិភាគ និងអ្នកការទូត បស្ចិមប្រទេស ជាច្រើននាក់ បានមើលឃើញនូវ នយោបាយនិយមតឹង (Hard-line Policy) នៃប្រទេស ចិនថា ជាការរាំងខ្ទប់ដ៏ធំ នៅលើផ្លូវ ទៅកាន់ដំណោះស្រាយ នយោបាយ ចំពោះបញ្ហាកម្ពុជា[3]
ចំណែកខាង អាស៊ានវិញ  ចាប់ពីឆ្នាំ ១៩៧៩  បណ្ដាប្រទេស អាស៊ាន បានដើរតួ យ៉ាងសំខាន់ ជាអ្នកតំណាង ភាគីអ្នកតស៊ូ កម្ពុជា។ សន្និសីទ ប្រចាំឆ្នាំនៃ រដ្ឋមន្ដ្រីការបរទេស អាស៊ាន បានកំណត់ថា ការដកកង ទ័ពវៀតណាម ជាលក្ខខណ្ឌ ដំបូង សម្រាប់ ដំណោះស្រាយ នយោបាយនៃ បញ្ហាកម្ពុជា។  រួម​ជាមួយ ប្រទេសចិន  បណ្ដា ប្រទេសអាស៊ាន ជាអ្នកជួយបង្កើត រដ្ឋាភិបាលចម្រុះ កម្ពុជាប្រជាធិបតេយ្យ (Coalition Government of Democratic Kampuchea)[4]
ក្រោយឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា (ក្រុងភ្នំពេញ) ស្ថិតនៅ ចន្លោះកម្លាំងធំ ពីរគឺ ម្ខាងចិន ដែលមាន សហរដ្ឋអាមេរិក នៅពីក្រោយ និងម្ខាងទៀត អាស៊ាន ដែលគាំទ្រ ចលនាតស៊ូ ត្រីភាគី។

I. សង្គ្រាមឥណ្ឌូចិនលើកទី៣ (ឆ្នាំ១៩៧៩-១៩៩១)
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រណសិរ្ស សាមគ្គីសង្គ្រោះ ជាតិកម្ពុជា ដែលគាំទ្រ ដោយ វៀតណាម និងសូវៀត បានផ្ដួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ នៅភ្នំពេញ។ ពួកខ្មែរក្រហម ជាសម្ព័ន្ធមិត្ដ នយោបាយ របស់ចិន។ បន្ទាប់មក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩  ចិនបាន ធ្វើការវាយ ប្រហារទៅលើ វៀតណាម ដែល គេហៅថាការវាយប្រហារ ដាក់ទណ្ឌកម្ម(Punitive attack)។ ការវាយប្រហារ មានរយៈពេលខ្លី  ប៉ុន្ដែ មានលក្ខណៈ ខ្លាំងក្លា។  
ផែនទីបង្ហាញពីការវាយលុករបស់ចិនលើប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ១៩៧៩

កងទ័ពចិន បានចូលក្នុង ទឹកដីវៀតណាម ជម្រៅប្រហែល ៤០គីឡូម៉ែត្រ ដោយបាន កាន់កាប់ ទីរួមខេត្ដ ឡាង សឺន (Lang Son) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៧៩។  ចិន បានប្រកាស ថាបេសកកម្មដាក់ទណ្ឌកម្មរបស់គេ បានសម្រេចហើយ រួចក៏ដកទ័ពត្រឡប់ទៅវិញ[5]
ប៉ុន្ដែ មូលហេតុពិត នៃការដកទ័ព យ៉ាងប្រញាប់នេះ នៅតែមានការ ជជែកគ្នា នៅឡើយ។  មតិខ្លះ យល់ថា ចិនបាន ដកទ័ព ក្រោយពី មានការប្រយុទ្ធគ្នា ជាមួយវៀតណាម រយៈពេល មួយខែនោះ  មកពី ចិនបាន ទទួលការខូចខាត យ៉ាងដំណំ។
ទោះជា យ៉ាងណា ក៏ដោយ  ក៏សង្គ្រាម ឥណ្ឌូចិន លើកទី៣ (Third Indochina War) ត្រូវបានចាត់ ទុកថាជា សង្គ្រាមចិន-វៀតណាម (Sino-Vietnamese War)  សង្គ្រាម ឥណ្ឌូចិនលើក ទី៣ ត្រូវបានបញ្ចប់ នៅឆ្នាំ១៩៩១។
នៅក្នុង សង្គ្រាម ឥណ្ឌូចិន លើកទី៣នេះ  ប្រទេស កម្ពុជាបាន ក្លាយជា ចំណុចស្នូលនៃជម្លោះរវាង  ប្លុកលោកសេរី (ស.រ.អា និងអាស៊ាន) និងប្លុក សង្គមនិយម (ស.ស.ស.ស និងឥណ្ឌូចិន) និងរវាងចិន និងវៀតណាម។ នៅក្នុង អំឡុងពេលនោះ  ក្នុងទិដ្ឋភាព ភូមិសាស្ដ្រ នយោបាយ  កម្ពុជា បានស្ថិតនៅ ចន្លោះចិន និងអាស៊ាន។

II. បញ្ហាកម្ពុជាពីការប្រឈមមុខគ្នា មកការខិតជិតគ្នា (ឆ្នាំ១៩៨០-១៩៨៣)
     ១-អន្ដរជាតូបនីយកម្មនៃបញ្ហាកម្ពុជា
ចាប់ពី ខែមករា ឆ្នាំ១៩៧៩ យើងឃើញ លេចឡើង នូវចលនា អន្តរជាតូបនីយកម្ម នៃបញ្ហា កម្ពុជា(Internationalization of Kampuchean problem) មិនដល់ មួយសប្តាហ៍ក្រោយ ការដួលរលំ របបប៉ុលពត មានកិច្ចប្រជុំ រដ្ឋមន្រ្តី ការបរទេស អាស៊ាន នៅទី ក្រុងបាងកក ថ្ងៃទី១២-១៣ ខែមករា ឆ្នាំ១៩៧៩​ ដើម្បី ធ្វើការវាយ តម្លៃលើ សភាពការណ៍ នៅឥណ្ឌូចិន និងលើ ការហូរចូល នៃជនភៀស ខ្លួនចំនួន ច្រើនទៅក្នុងប្រទេសថៃ។
បន្ទាប់មក មហាសន្និបាត អង្គការ សហប្រជាជាតិ បានចេញ សេចក្តី សម្រេច ចិត្តលេខ៣៤/២២ (Resolution 34/22) ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩។ មហាសន្និបាតអ.ស.ប ក្រោយមកទៀត បានចេញ សេចក្តី សម្រេចចិត្ត លេខ៣៥/៦ (UNGA Resolution 35/6) ស្តីអំពី សភាពការណ៍នៅ កម្ពុជា និងសម្រេចកោះ ប្រជុំសន្និសីទ អន្តរជាតិ ស្តីពីកម្ពុជា នៅដើមឆ្នាំ១៩៨១។
ជំហររបស់ អាស៊ាន ចំពោះសង្រ្គាម នៅកម្ពុជា ត្រូវបានបង្ហាញ នៅក្នុង សេចក្តី ថ្លែងការណ៍រួម នៃកិច្ចប្រជុំ រដ្ឋមន្រ្តី ការបរទេស អាស៊ាន។ នៅក្នុង កិច្ចប្រជុំលើក ទី១២ នៅបាលី ថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ១៩៧៩ រដ្ឋមន្រ្តី ការបរទេស អាស៊ានបាន សម្តែងនូវ ការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅថា បញ្ហានៅ ឥណ្ឌូចិនកាន់តែ មានសភាព តានតឹងដោយសារ មានកា រជាប់ពាក់ព័ន្ធពី បណ្តាប្រទេស នៅក្រៅតំបន់។ សេចក្តីថ្លែង ការណ៍នេះ បានគាំទ្រ ចំពោះសិទ្ធិ ស្វ័យសម្រេច របស់កម្ពុជា ដោយគ្មាន អន្តរាគមន៍ ពីខាងក្រៅ និងសម្តែង នូវការព្រួយ បារម្ភចំពោះ ជនភៀសខ្លួន យ៉ាងច្រើន សន្ធឹកសន្ធាប់ ពីឥណ្ឌូចិន ទៅកាន់ ប្រទេសថៃ[6]
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨៤ ក្នុងមហាមីទ្ទីង មួយនៅ ភ្នំពេញ លោក រ៉ូមេស្ហ ចន្ដ្រា  (Romesh Chandra) ជាប្រធាន ក្រុមប្រឹក្សា សន្ដិភាព ពិភពលោក បានថ្លែងថា  ប្រទេសកម្ពុជាមិនឯកោទេ  ពិភព លោកនៅ ជាមួយកម្ពុជា (Kampuchea is not alone; the world is with Kampuchea) នេះជា សភាពការណ៍ ជាក់ស្ដែង តាំងពីឆ្នាំ១៩៧៩ មកដែលបញ្ហាកម្ពុជាមានការ ពាក់ព័ន្ធនឹង ប្រទេស​ជាច្រើន។
នៅចុង សម័យសង្គ្រាមត្រជាក់ មេដឹកនាំ ប្លុកបដិបក្ខបានធ្វើ អន្ដរជាតូបនីយកម្ម បញ្ហាកម្ពុជា។ មេដឹកនាំប្លុកខាងកើតនិងមេដឹកនាំ ប្លុកខាងលិចនៅពីក្រោយភាគី ខ្មែរបដិបក្ខ។ ប្លុកខាងកើត ដែលដឹកនាំ ដោយ សហភាពសូវៀត នៅពេលនោះមាន ៖ ឥណ្ឌា, បណ្ដាប្រទេស នៅឥណ្ឌូចិន និង ប្រទេស ជាច្រើន ក្នុងចលនា មិនចូលបក្សសម្ព័ន្ធ ដែលគាំទ្រ សាធារណរដ្ឋ ប្រជាមានិតកម្ពុជា។ ប្លុកខាង លិច ដែលដឹកនាំ ដោយ សហរដ្ឋអាមេរិក នៅពេលនោះមាន ៖ ចិន អាស៊ាន និង អង្គការ សហប្រជាជាតិ ដែលគាំទ្រ រដ្ឋាភិបាល ចម្រុះកម្ពុជា ប្រជាធិបតេយ្យ (ត្រីភាគី)។

២. ជំហរបដិបក្ខរវាងអាស៊ាន និងឥណ្ឌូចិន
          ចាប់ពីឆ្នាំ ១៩៨០មក នៅអាស៊ីអាគ្នេយ៍ មានកម្លាំង នយោបាយ ពីរប្រឈម មុខគ្នាគឺ អាស៊ាន ដែលមាន ៥ប្រទេស គាំទ្រដោយចិន និងអាមេរិក និងម្ខាងទៀត គឺឥណ្ឌូចិន មានបី ប្រទេស ដែលគាំទ្រ ដោយ សហភាព សូវៀត។
     ២.១. ឆ្នាំ១៩៨០
-ជំហរឥណ្ឌូចិន ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨០ កិច្ចប្រជុំ លើកទី១ នៃរដ្ឋមន្ដ្រី ការបរទេស ប្រទេស ទាំង៣ នៅឥណ្ឌូចិន  នៅក្រុង ភ្នំពេញ បានពង្រឹង សាមគ្គីភាព/សហប្រតិបត្ដិការ ប្រទេសទាំង៣ ប្រឆាំង សត្រូវរួម។ កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេស ឥណ្ឌូចិន លើកទី២ ដែលធ្វើឡើង នៅថ្ងៃ ទី១៧-១៨  ខែ កក្កដា ឆ្នាំ១៩៨០ នៅក្រុង វៀងច័ន្ទ បានអះអាង បន្ដនយោបាយ ការបរទេស តាមកិច្ច ព្រមព្រៀង ដែលត្រូវ បានកំណត់ ក្នុងសន្និសីទ លើកទី១។
-ជំហរអាស៊ាន ៖ ក្នុងកិច្ចប្រជុំលើកទី១៣ នៅក្រុងគូឡាឡាំពួរ ថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ១៩៨០ រដ្ឋមន្រ្តីការបរទេសអាស៊ានបានបន្តការពិភាក្សាទៅលើ ការវិវត្តនៃសភាពការណ៍នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលពួកគេយល់ថាសភាពការណ៍នេះចោទជាបញ្ហាចំពោះប្រទេសថៃ និងសមាគម       អាស៊ានទាំងមូល។ ចំពោះបញ្ហាកម្ពុជា មេដឹកនាំអាស៊ានបានទាមទារឱ្យមានការដកកងទ័ពវៀតណាម ចេញពីកម្ពុជា ឱ្យប្រជាជនកម្ពុជាមានសិទ្ធិស្វ័យសម្រេចដោយមិនមានការជ្រៀតជ្រែកពីបរទេស។    អាស៊ានក៏បានអំពាវនាវឱ្យបណ្តារដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ បន្តទទួលស្គាល់រដ្ឋាភិបាល កម្ពុជាប្រជាធិបតេយ្យនៅឯអង្គការសហប្រជាជាតិ[7]
     -ជំហរដោយឡែកឥណ្ឌូចិន-ថៃ (១៩៨០)៖ សមាគមអាស៊ាន មុនដំបូងបានចាត់ទុកថា ថៃមិនមែនជាភាគីនៃជម្លោះកម្ពុជានោះទេ  ប៉ុន្ដែគឺជា អ្នកនៅក្បែរដែលរងផលប៉ះពាល់(an affected bystander)។ ក្រុងហាណូយ និងក្រុងភ្នំពេញ បានចោទថា ថៃបានអនុញ្ញាតឱ្យមានការដឹកអាវុធចិនឆ្លងកាត់ដីថៃ ទៅឱ្យពួកប៉ុល ពត។ ទោះជាយ៉ាង នេះក្ដី នៅខែមិថុនា ឆ្នាំ១៩៨០ ក្រុងភ្នំពេញបានស្នើឱ្យមានជំនួបជាមួយថៃ ដើម្បីឱ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញ និងប្រែក្លាយព្រំដែនរួមឱ្យទៅជាព្រំដែននៃមិត្ដភាព និងសន្ដិភាព
នៅខែកក្កដា ឆ្នាំ១៩៨០ ប្រទេសទាំងបីនៅឥណ្ឌូចិន បានស្នើឱ្យមានការចុះហត្ថលេខាពហុ ភាគី ឬទ្វេភាគីស្ដីពីសន្ដិសហវិជ្ជមាន, ការមិនឈ្លានពានគ្នា និងការមិនជ្រៀតជ្រែកទៅវិញទៅមក ជាមួយប្រទេសថៃ។  គេបានបន្ថែមថា កិច្ចព្រមព្រៀងទាំងនោះ នឹងត្រូវចុះហត្ថលេខាដោយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ និងបានអំពាវនាវឱ្យមានការបង្កើតតំបន់សន្ដិភាព និងស្ថិរភាពនិង តំបន់ព្រំដែនគ្មានកងទ័ពរវាងកម្ពុជា និងថៃ[8]
          ២.២. ឆ្នាំ១៩៨១
-ជំហរឥណ្ឌូចិន ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសឥណ្ឌូចិនលើកទី៣ នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ១៩៨១ នៅក្រុងហូជីមិញ បានកំណត់អំពីសុឆន្ទៈរបស់ប្រទេសទាំង៣  នៅក្នុងបញ្ហាសន្ដិភាព ស្ថិរភាព និងសហប្រតិបត្ដិការតំបន់។ បន្ទាប់មក កិច្ចប្រជុំលើកទី៤ នៅថ្ងៃទី ១៣-១៤ មិថុនា ១៩៨១ នៅក្រុងភ្នំពេញ បានកំណត់សកម្មភាពតស៊ូរួមប្រឆាំងនយោបាយអន្ដរាគមន៍មកពីខាងក្រៅ។
-ជំហរអាស៊ាន ៖ ក្នុងកិច្ចប្រជុំលើកទី១៤ នៅក្រុងម៉ានីល ថ្ងៃទី១៧-២៨ ខែមិថុនា ឆ្នាំ១៩៨១   តាមរយៈសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្តែងនូវការព្រួយបារម្ភចំពោះជម្លោះ នៅកម្ពុជាដែលមិនទាន់មានដំណោះស្រាយ និងបានលើកឡើងអំពីសេចក្តីសម្រេចចិត្តរបស់មហាសន្និ បាតអង្គការសហប្រជាជាតិ លេខ៣៥/៦ ដែលអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៨០[9]។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លេខ៣៥/៦ និងស្វាគមន៍    សេចក្តីសម្រេចរបស់លោកអគ្គលេខាធិការក្នុងការកោះប្រជុំសន្និសីទអន្តរជាតិអំពីបញ្ហាកម្ពុជា នៅទីក្រុងញូយ៉ក ក្នុងខែកក្កដា ឆ្នាំ១៩៨១[10]
គួររំលឹកថា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លេខ៣៥/៦ បាន     សម្តែងនូវការព្រួយបារម្ភចំពោះជម្លោះនៅក្នុងប្រទេសកម្ពុជាដែលមិនទាន់បញ្ចប់ ប៉ុន្តែដែលមាន       ឱកាសអាចរាលដាលចូលទៅក្នុងប្រទេសថៃ។ សេចក្តីសម្រេចចិត្តនេះក៏បានរំលឹកអំពីកិច្ចប្រជុំនៅក្រុង ហ្សឺណែវ នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ១៩៨០ស្តីអំពីការផ្តល់ជំនួយមនុស្សធម៌ចំពោះប្រជាជន  កម្ពុជា[11]
-សកម្មភាពរបស់អង្គការសហប្រជាជាតិ
នៅខែមេសា ឆ្នាំ១៩៨១ លោក Kurt Waldheim អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជូនអ្នកតំណាងពិសេសម្នាក់គឺលោក Mohammed Essaafi ឱ្យមកបំពេញបេសកកម្មនៅអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយនៃបញ្ហាកម្ពុជា[12]
បន្ទាប់មក សន្និសីទអន្ដរជាតិស្តីពីបញ្ហាកម្ពុជា បានប្រព្រឹត្ដទៅនៅថ្ងៃ១៣-១៧ ខែកក្កដា ឆ្នាំ១៩៨១ នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិក្រុងញូយ៉ក (New York)  ដែលមានប្រទេសចូលរួមជាង ៦០ លើ ១៤២ (គឺតិចជាង ៤៥ %)[13] ប៉ុន្ដែ អវត្ដមានភាគីសំខាន់ គឺសាធារណរដ្ឋប្រជា    មានិតកម្ពុជា។

-ជំហររបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា
សាធារណរដ្ឋប្រជាមានិតកម្ពុជាបានចាត់ទុកថា សន្និសីទអន្ដរជាតិនេះ បម្រើមហិច្ឆិតារបស់ ក្រុងប៉េកាំង  និងវ៉ាស៊ីងតោន នៅអាស៊ីអាគ្នេយ៍[14]  ក្រុងភ្នំពេញបដិសេធសេចក្ដីសម្រេចចិត្ដនៃ សន្និសីទនៅទីក្រុងញូយ៉ក[15] ដោយបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ១៩៨១ របស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាថា ៖ដំណោះស្រាយដ៏ត្រឹមត្រូវ និងដោយវិចារណញ្ញាណដើម្បីធានានូវសន្ដិភាព ស្ថិរភាព និងសហប្រតិបត្ដិការរវាងប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍ គឺជាដំណោះស្រាយដែលបានប្រកាសឡើងដោយសន្និសីទលើកទី៤របស់រដ្ឋមន្ដ្រីក្រសួង  ការបរទេសទាំង៣ នៅឥណ្ឌូចិន កាលពីថ្ងៃទី១៣ និងទី១៤ ខែមិថុនា (១៩៨១) នៅក្រុងភ្នំពេញ។
រដ្ឋាភិបាលក្រុងភ្នំពេញចាត់ទុកថាសន្និសីទអន្ដរជាតិនេះគ្មានតម្លៃអ្វីដ៏តិចតួចឡើយ ពីព្រោះ ជា សន្និសីទដែលប្រព្រឹត្ដទៅដោយឯកតោភាគី។ ប្រទេសសង្គមនិយម ប្រទេសមិនចូលបក្សសម្ព័ន្ធ ភាគច្រើន នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន បានបដិសេធមិនព្រមចូលរួមក្នុងសន្និសីទនេះ”[16]
គួរបញ្ជាក់ថា ជំហរឥណ្ឌូចិន ក្នុងកិច្ចប្រជុំលើកទី៥ ថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ១៩៨២ នៅក្រុងវៀងច័ន្ទនោះគឺ បន្តការពង្រឹងសាមគ្គីភាព/សហប្រតិបត្ដិការប្រឆាំងសត្រូវរួម, ការពារមាតុភូមិ និងពង្រឹងសន្ដិភាពនៅអាស៊ីអាគ្នេយ៍/សកលលោក។

៣. ការផ្ដួចផ្ដើមគំនិតឆ្ពោះទៅរកសន្ដិភាព នៃអាស៊ាន និងឥណ្ឌូចិន 
-ជំហរអាស៊ាន ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី១៥ បានប្រព្រឹត្តទៅនៅសិង្ហបុរី ថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ១៩៨២ ក្រោមអធិបតីភាពរបស់លោក លី ក្វាន់យូ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោក លី ក្វាន់យូបានថ្លែងថា អាស៊ាន គឺជាការលើកលែងមួយនៅក្នុងតតីយលោក (ASEAN was an exception in the Third World)   លោកបានបន្តថា បណ្តាប្រទេសអាស៊ានចេះគ្រប់គ្រងទំនាស់របស់ខ្លួន និងទប់ស្កាត់ទំនាស់ទាំងនោះមិនឱ្យរីករាលដាលបាន។ មេដឹកនាំអាស៊ានបានសម្តែងនូវជំនឿយ៉ាងមោះមុតថា ដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយមួយនៃបញ្ហាកម្ពុជា (a comprehensive political solution of the Kampuchean problem) មានសារសំខាន់យ៉ាងខ្លាំងសម្រាប់បង្កើតតំបន់មួយដែលមានសន្តិភាព សេរីភាព និង អព្យាក្រឹត្យភាព នៅអាស៊ីអាគ្នេយ៍ (ZOPFAN: Zone of Peace, Freedom and Neutrality in Southeast Asia)
នេះបង្ហាញឱ្យឃើញជាលើកដំបូង នូវជំហរស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយរបស់ អាស៊ាន ចំពោះបញ្ហាកម្ពុជា។
ជំហរឥណ្ឌូចិន ៖ សន្និសីទរដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំង៣នៅឥណ្ឌូចិន លើកទី៦  ថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ១៩៨២  នៅក្រុងហូជីមិញ មានបំណងប្រែក្លាយអាស៊ីអាគ្នេយ៍ឱ្យទៅជាតំបន់សន្ដិភាព ស្ថិរភាព និងសហប្រតិបត្ដិការ។ នេះជាលើកដំបូងផងដែរសម្រាប់ឥណ្ឌូចិន ដែលមានជំហរស្របគ្នាជាមួយអាស៊ាន។​ ចំណុចសំខាន់នៃសេចក្តីថ្លែងការណ៍ នៅក្រុងហូជីមិញនោះគឺ មានការផ្ដួចផ្ដើមគំនិតសំខាន់ៗ ដូចខាងក្រោម ៖
១)-ការដកកងទ័ពវៀតណាមមួយផ្នែកចេញពីកម្ពុជា,
២)-ការកសាងតំបន់សន្ដិសុខមួយ នៅសងខាងព្រំដែនកម្ពុជា-ថៃ,
៣)-ការរៀបចំសន្និសីទអន្ដរជាតិមួយស្ដីពីអាស៊ីអាគ្នេយ៍,
៤)-ទុកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិឱ្យនៅទំនេរ។
     សរុបសេចក្តីមក ចាប់ពីចុងឆ្នាំ១៩៨៣ អាស៊ានបានខិតចូលជិតឥណ្ឌូចិន ដើម្បីធ្វើជា 
     “ដៃគូចរចា  ចំណុចពីរដែលសំខាន់នោះគឺ ៖
១)-បណ្ដាប្រទេសអាស៊ានតែងតាំងឥណ្ឌូណេស៊ីជាតំណាងឱ្យធ្វើការចរចាជាមួយ 
     
វៀតណាមនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៨៣។ 
២)-បណ្ដាប្រទេសនៅឥណ្ឌូចិនយល់ព្រមតាមសំណើនេះ  ហើយបានជ្រើសរើស
      វៀតណាមឱ្យតំណាងក្នុងការចរចាជាមួយឥណ្ឌូណេស៊ីវិញ[17]

លោក អាដាំ ម៉ាលិក (Adam Malik)   អតីតអនុប្រធានាធិបតី   និងជារដ្ឋមន្ដ្រីការបរទេស ឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ១៩៨៤ (២-៣ខែមុនគាត់ស្លាប់ក្នុងខែកញ្ញា) បានថ្លែងថា ៖អាស៊ានត្រូវ ជៀសវាងពីនយោបាយដែលដាក់វៀតណាមឱ្យនៅកៀនជញ្ជាំង  ហើយត្រូវផ្ដួចផ្ដើមឱ្យមានការជួបគ្នា រវាងចិន សូវៀត និងវៀតណាម ដើម្បីឈានទៅដល់ដំណោះស្រាយបញ្ហាកម្ពុជា[18]
គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី១៦ នៅ  ទីក្រុងបាងកក ថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ១៩៨៣ មេដឹកនាំអាស៊ានបានទទួចឱ្យមានដំណោះស្រាយ នយោបាយគ្រប់ជ្រុងជ្រោយមួយនៃបញ្ហាកម្ពុជាដែលនឹងនាំទៅរក ការដកកងទ័ពបរទេសទាំងស្រុង ចេញពីប្រទេសកម្ពុជា[19]។​ នៅឆ្នាំ១៩៨៣នោះ មានជនភៀសខ្លួនខ្មែរជាង ៤ម៉ឺននាក់ ក្នុងចំណោមជនភៀសខ្លួនឥណ្ឌូចិនជិត១៧ម៉ឺននាក់។
(សូមរង់ចាំអានភាគទី២បន្ត)


[1]     ដោយអត្ថបទនេះវែង យើងបែងចែកជាភាគតូចៗដើម្បីធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់។
[2]    Im François, La question cambodgienne dans les relations internationales de 1979 à 1993,  L’Harmattan, 2006, p. 155-157.
[3]    Jacques Bekaert, Cambodian Diary: A Long Road to Peace 1987-1993, White Lotus, 1998, p. 138.
[4]    Cambodia: The Search for Peace, www.country-data.com, 1987, page 2 of 5.
[5]    The Chinese declared their punitive mission achieved and withdrew.
[6]     Joint Communiqué of the Twelfth ASEAN Ministerial Meeting, Bali, 28-30 June 1979, points 13, 15 (situation in Indochina) & 22 (the refugee problem).
[7]   Joint Communiqué of the Thirteenth ASEAN Ministerial Meeting, Kuala Lumpur, 25-26 June 1980, points 14, 16 & 18 (situation in Indochina).
[8]    Cambodia: The Search for Peace, www.country-data.com, 1987. p. 3.
[9]   UNGA Resolution dated 22 October 1980.
[10]   Joint Communiqué of the Fourteenth ASEAN Ministerial Meeting, Manila, 17-18 June 1981 points 18 & 22 (situation in Kampuchea).
[11]   Resolution adopted by the General Assembly of the UN No. 35/6 on The Situation in Kampuchea.
[12]   Press Statement of the Philippines Foreign Minister on Mr. Essaafi’s Visit, 10 April 1981.
[13]   SPK ភ្នំពេញ ថ្ងៃទី១២-៧-៨១ ៖សភាពឥតបានការ នៃសន្និសីទអន្ដរជាតិដ៏អយុត្ដិធម៌មួយ
[14]   SPK ភ្នំពេញ ថ្ងៃទី២០-៧-៨១​ ៖ “សន្និសីទមួយដែលបម្រើមហិច្ឆិតាលោភលន់ របស់ប៉េកាំង និងវ៉ាស៊ិងតោន ...”។
[15]   SPK ភ្នំពេញ ថ្ងៃទី២១-៧-៨១ ៖ “សាធារណរដ្ឋប្រជាមានិតកម្ពុជាបដិសេធសេចក្តីសម្រេចចិត្តនៃសន្និសីទនៅ
     ក្រុងញូយ៉ក”។
[16]   SPK ភ្នំពេញ ថ្ងៃទី២០-៧-៨១សន្និសីទមួយដែលបម្រើនូវមហិច្ឆិតាលោភលន់ របស់ប៉េកាំង និងវ៉ាស៊ិងតោន...
[17] សុន្ទរកថាថ្លែងដោយសមមិត្ដ ហ៊ុន សែន រដ្ឋមន្ដ្រីការបរទេស ក្នុងឱកាសមេទ្ទីញអបអរសាទរបុណ្យខួបលើកទី៣៥
  នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់, SPK ភ្នំពេញ ថ្ងៃទី តុលា ១៩៨៤ ទំព័រ ៥។
[18] Justus M. vander Kroef, The Kampuchean Conflict: Edging toward Compromise?, JSTOR: Asian Affairs, Vol. 12, No. 1, Spring 1985, p. 2. (ASEAN ought to “abstain” from its previous policies “which would only put Vietnam in a corner”, ...).
[19]   Joint Communiqué of the Sixteenth ASEAN Ministerial Meeting, Bangkok, 24-25 June 1983, point 12 (Situation in Kampuchea).